អំពី PSOD
ចូលទៅកាន់ Email
វីដេអូរ
បណ្តុំរូបភាព
ចំនួនអ្នកទស្សនា
 
ចែករំលែក
 
 
ការអនុវត្តក្របខ័ណយុទ្ធសាស្ត្រគណនេយ្យភាពសង្គម(I-SAF)
 
ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្ន៖ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍បានកំពុងអនុវត្តគម្រោងការអនុវត្តក្របខ័ណយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ដែលបានទទួលការគាំទ្រមូលនិធិពី មូលនិធិអភិវឌ្ឍន៍សង្គម របស់ប្រទេសជប៉ុន ហៅកាត់ថា (JSDF) តាមរយៈធនាគារពិភពលោក និងអង្គការSave the Children និងត្រូវបានអនុវត្តដោយ អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ នៅខេត្តត្បូងឃ្មុំ ស្ទឹងត្រែង និងខេត្តព្រៃវែង សរុបចំនួន១០ស្រុក និង ៩១ឃុំ។ គម្រោងនេះមានគោលបំណងគាំទ្រ ដើម្បីធ្វើឲប្រសើរឡើងនូវការផ្តល់សេវា នៅតាមសាលាបឋមសិក្សា មណ្ឌលសុខភាព និង សេវារដ្ឋបាលឃុំ ទៅដល់ប្រជាពលរដ្ឋ តាមស្រុកគោលដៅក្នុងប្រទេសកម្ពុជា។ ក្រុមគោលដៅរបស់គម្រោង គឺផ្តោតទៅលើប្រជាពលរដ្ឋនៅមូលដ្ឋាន យុវវ័យ និងក្រុមជនដែលងាយរងគ្រោះ។ គម្រោងនេះបានអនុវត្តក្នុងភាពជាដៃគូរដ៏ប្រសើរជាមួយ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDD) នៅថ្នាក់ខេត្ត មន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត រហូតដល់ថ្នាក់ឃុំ មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក រដ្ឋបាលឃុំ មណ្ឌលសុខភាព សាលាបឋមសិក្សា និងអ្នកសម្របសម្រួលគណនេយ្យភាពសង្គម (CAF) ។ គម្រោង ការអនុវត្តក្របខ័ណយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនេះ(I-SAF)  ត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន៣ ដូច ខាងក្រោម៖
  • ឆ្នាំ២០១៦ អនុវត្តក្នុងខេត្ត ត្បូងឃ្មុំ (៣ស្រុក និង ២៨ឃុំ)
  • ២០១៧ ដល់ ២០១៨ អនុវត្តក្នុងខេត្ត ត្បូងឃ្មុំ (៥ស្រុក និង ៥០ឃុំ) ខេត្តស្ទឹងត្រែង (៣ស្រុក និង២៥ឃុំ) និងខេត្តព្រៃវែង (២ស្រុក និង១៦ឃុំ)
  សកម្មភាពសំខាន់ៗរបស់គម្រោងមានដូចខាងក្រោម៖
  • បុគ្គលិកកម្មវិធី បានធ្វើការសម្របសម្រួលរៀបចំកិច្ចប្រជុំជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីធ្វើការប្រកាសផ្សព្វផ្សាយជូនដំណឹង និងបានជ្រើសរើស អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) ចំនួន៤នាក់តាមឃុំគោលដៅនីមួយៗ ទៅតាមលក្ខណៈវិនិច្ឆ័យ ដើម្បីធ្វើការសម្របសម្រួលការអនុវត្ត យុទ្ធសាស្រ្តគណនេយ្យភាពសង្គម។
  • អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAFs) ត្រូវបានទទួលនូវការបំប៉នសមត្ថភាព ចំណេះដឹង និងជំនាញ តាមរយៈការចូលរួមនៅក្នុងការបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញ ជាបន្តបន្ទាប់ ព្រមទាំងមានការចុះអនុវត្តសាកល្បងជាក់ស្តែង កំឡុងពេលបណ្តុះបណ្តាល ធ្វើឲCAFs កាន់តែមានទំនុកចិត្តលើខ្លួនឯងថែមទៀត។ ពួកគេ(CAFs) បានទទួល នូវការបណ្តុះបណ្តាលចំនួន ៤វគ្គ ដែលវគ្គទី១ ស្តីពី ការណែនាំពីការអនុវត្តក្របខ័ណយុទ្ធសាស្រ្តគណនេយ្យភាពសង្គម។ វគ្គទី២ ស្តីអំពី ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ព័ត៌មានថវិកា និងការផ្សព្វផ្សាយ លើកកម្ពស់ ចំណេះដឹងដល់ប្រជាពលរដ្ឋ។ វគ្គទី៣ស្តីអំពី ការតាមដាន និងត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ និងវគ្គទី៤ ស្តីអំពី ការគាំទ្រសកម្មភាព ដើម្បីការផ្លាស់ប្តូរ។
  • តាមរយៈសកម្មភាពរបស់ CAFs ក្នុងការផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងដល់សហគមន៍នៅតាមភូមិ ការផ្សព្វផ្សាយបង្ហាញតាមស្តង់ ព្រមទាំងការជជែកពិភាក្សាតាមកម្មវិធីវទ្យុ រួមទាំងការចាក់ផ្សាយតាមមេក្រូនៅតាមភូមិទៀតនោះ ធ្វើឲប្រជាពលរដ្ឋទទួលបាននូវព័ត៌មានជាច្រើនទាក់ទងនឹងសិទ្ធរបស់ពួកគេ ស្តង់ដារ និង ការបំពេញតួនាទីរបស់អ្នកផ្តល់សេវា មណ្ឌល សុខភាព សាលាបឋមសិក្សា និងរដ្ឋបាលឃុំ។ ប្រជាពលរដ្ឋបានចូលរួមនៅក្នុងដំណើរការ ការ អនុវត្តក្របខ័ណយុទ្ធសាស្រ្ត គណនេយ្យភាព សង្គម ដូចជាតាមរយៈការចូលរួមនៅក្នុង សកម្មភាព ប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ ដែលជាឪកាសរបស់ពួកគេអាចលើកពីបញ្ហាជាក់លាក់ និងផ្តល់ព័ត៌មានត្រលប់អំពីការផ្តល់ សេវា ព្រមទំាងបានស្នើជាសកម្មភាពដើម្បីធ្វើឲការផ្តល់សេវាកាន់តែប្រសើរឡើង ថែមទៀត តាមរយៈការជជែកពិភាក្សាគ្នាក្នុងកិច្ចប្រជុំរួមគ្នាជាមួយអ្នកផ្តល់សេវា នៅតាមឃុំរបស់ខ្លួន។
  • បុគ្គលិកមណ្ឌលសុខភាព រដ្ឋបាលឃុំ និង សាលាបឋមសិក្សា អជ្ញាធរភូមិ CAFs  ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនៅថ្នាក់ស្រុក បានចូលរួម និងឯកភាពគ្នាក្នុងការកំណត់ក្រុមគោលដៅ ដើម្បីចូលរួមនៅក្នុងដំណើរការតាមដាន និងត្រួតពិនិត្យដោយប្រជាពលរដ្ឋ (ការដាក់ពិន្ទុដោយប្រជាពលរដ្ឋ និង អ្នកផ្តល់សេវា) តាមរយៈការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនៅថ្នាក់ឃុំ ដែលសម្របសម្រួលដោយ បុគ្គលិកគម្រោង និង CAFs ។
  • បន្ទាប់ពី CAFs  បានទទួលការបណ្តុះបណ្តាលចំណេះដឹង និងជំនាញ ពីដំណើរការតាមដាន ត្រួតពិនិត្យដោយប្រជាពលរដ្ឋ និងការសម្របសម្រួលកិច្ចប្រជុំរួម CAFs  បានធ្វើការកៀរគរប្រជាពលរដ្ឋ យុវជន កុមារ ព្រមទាំងអ្នកផ្តល់សេវា ដើម្បីចូលរួមនៅក្នុងដំណើរការតាមដាន និងត្រួតពិនិត្យដោយប្រជាពលរដ្ឋ និងរៀបចំកិច្ចប្រជុំរួមគ្នា។ ជាងនេះទៅទៀតតាមរយៈ ការគាំទ្រសមត្ថភាព ពីបុគ្គលិកគម្រោង CAFs មានសមត្ថភាពនៅក្នុងការសម្របសម្រួល ដំណើរការដាក់ពិន្ទុដោយប្រជា ប្រពលរដ្ឋ ការដាក់ពិន្ទុដោយអ្នកផ្តល់សេវា ការរៀបចំកិច្ចប្រជុំរួមគ្នារវាងតំណាងប្រជាពលរដ្ឋ និងអ្នកផ្តល់សេវា ព្រមទាំងបង្កើតផែនការសកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម និងបង្កើត គណកម្មាធិកាផែនការសកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម ទៅតាមគោលការណ៍ណែនាំរបស់ NCDD។
  • CAFs ដែលទទួលបាននូវការបណ្តុះបណ្តាល និងការគាំទ្រសមត្ថភាពពីបុគ្គលិកគម្រោង បាន ធ្វើការ សម្របសម្រួលកិច្ចប្រជុំជាបន្តបន្ទាប់ ដូចជា 1)ការរៀបចំប័ណ្ណដាក់ពិន្ទុរបស់សហគមន៍ 2)ការរៀបចំប៉ាន់ប្រមាណដាក់ពិន្ទុដោយ អ្នកផ្តល់សេវា និងកិច្ចប្រជុំរួម (កិច្ចប្រជុំរួមតាមសេវា និងប្រជុំរួមពហុសេវា) ទៅតាមផែនការដែលបានកំណត់។ CAFs មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ រៀបចំ និងបំផុសគំនិតជាមួយប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាដែលបានចូលរួមកិច្ចប្រជុំ ដើម្បីធ្វើការវិភាគពីស្ថានភាព លើកបញ្ហាប្រឈម និង ផ្តល់ព័ត៌មានត្រលប់តាមរយៈយន្តការ តាមដាន និងត្រួតពិនិត្យដោយប្រជាពលរដ្ឋ ហើយបានបន្តសម្របសម្រួល តំណាងប្រជាពលរដ្ឋ និង អ្នកផ្តល់សេវា ចូលរួមនៅក្នុងកិច្ចប្រជុំរួម ដើម្បីជួបគ្នាចែករំលែកលទ្ធផលបញ្ហាប្រឈម សកម្មភាព ដែលបានស្នើឡើង និង ពិភាក្សាឯកភាពគ្នាទៅលើដំណោះស្រាយរួមគ្នា ដោយបានបង្កើតជា ផែនការសកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម (JAAP)។ បន្ទាប់មកទៀត ក៏បានសម្រប សម្រួលបង្កើតជា គណៈកម្មាធិការ ផែនការសកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម (JAAPC)  តាមការណែនាំរបស់(NCDD) ហើយផែនការ សកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម (JAAP) ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីវិនិយោគឃុំ និងបង្ហាញនៅក្នុងសិក្ខាសាលាសមាហរណកម្មឃុំ ថ្នាក់ ស្រុក ដើម្បីស្វែងរកការគាំទ្រ។
  • ប្រជាពលរដ្ឋនៅតាមសហគមន៍ បានដឹងនិងស្គាល់អំពី ផែនការសកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម (JAAP) និងគណៈកម្មាធិការ ផែនការសកម្មភាពរួម ស្តីពីគណនេយ្យភាពសង្គម (JAAPC)  និងបានចូលរួមតាមដានត្រួតពិនិត្យទៅលើការអនុវត្តផែនការJAAP តាមរយៈការផ្សព្វផ្សាយដោយ គណៈកម្មាធិការ JAAPC  និងCAFs នៅតាមមូលដ្ឋាននាពេលកន្លងមក ដើម្បីជម្រុញឲមានការអនុវត្តទៅលើផែនការដែលមានការឯកភាពគ្នាពីអ្នកពាក់ព័ន្ធ។ JAAPC  និងCAFs ក៏បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងរួមគ្នា ដើម្បីធ្វើការត្រួតពិនិត្យទៅលើការអនុវត្តផែនការJAAPC  ជាមួយអ្នកពាក់ព័ន្ធ។
  • CAFs មានការទំនាក់ទំនងនឹងគ្នា កាន់តែល្អប្រសើរជាងពេលមុនតាមរយៈ សិក្ខាសាលាឆ្លុះបញ្ចាំងរួមគ្នា នៅថ្នាក់ស្រុក និងខេត្តជារៀងរាល់ឆ្នាំ។  CAFs មានឪកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នា ទៅវិញទៅមក និងបានចែករំលែករឿងផ្លាស់ប្តូរ ដែលបានកើតឡើង តាមរយៈការចូលរួមចំណែកក្នុងការអនុវត្ត គណនេយ្យភាពសង្គមនៅតាមមូលដ្ឋានរបស់ពួកគេនាពេលកន្លងមក។ មិនតែប៉ុណ្ណោះ CAFs ក៏មានឪកាសក្នុងការពិភាក្សាគ្នាដើម្បីស្វែងរកចំណុចដែលត្រូវ ពង្រឹងបន្ថែមទៅលើសមត្ថភាពរបស់ខ្លួនឯងនៅក្នុងរយៈពេល៦ខែបន្ទាប់ទៀត។